លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មី «រូបសំណាកព្រះវិស្ណុ» នៅក្រុងប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មី «រូបសំណាកព្រះវិស្ណុ» នៅក្រុងប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត បានអញ្ជើញប្រារព្ធពិធី បញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មី «រូបសំណាកព្រះវិស្ណុ» នៅលើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា ក្រោមគោលនយោបាយ ឈ្នះ–ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកជំទាវបណ្ឌិតបានបញ្ជាក់ថា ខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិក្តៅគគុកកាលពីអតីតកាល បច្ចុប្បន្នបានមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកជំទាវបានបន្ថែមថា នៅពេលរង្វង់មូលនេះសាងសង់រួចរាល់ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់កើតមានជាញឹកញាប់នៅចំណុចផ្លូវបំបែកជាបួននេះ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកជំទាវក៏សំណូមពរឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ដែលអាចកើតមានក្នុងអំឡុងពេលសាងសង់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះអាចសម្រេចបានតាមផែនការ និងឆាប់បានប្រើប្រាស់ជាផ្លូវការ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
ដោយ៖ អ៊ុក ទូច

   

 

 

    

 

 

Leave a Reply

Your email address will not be published. Required fields are marked *