រដ្ឋបាលខេត្តកណ្ដាល រៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្ត កណ្តាល បានរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ព្រឹត្តិការណ៍នេះមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ២,៥០០នាក់ ដោយបានរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ក្នុងបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាព។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិ សង្គមជាតិ ក្រុមគ្រួសារ និងគូស្រករ ព្រមទាំងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត និងជំរុញសកម្មភាពសប្បុរសធម៌។
ជាមួយគ្នានេះ កម្មវិធីក៏មានគោលដៅអប់រំយុវវ័យ ឲ្យបង្វែរការយកចិត្តទុកដាក់ពីការយល់ច្រឡំថា “បុណ្យសង្សារ” ទៅជាថ្ងៃបង្ហាញក្តីស្រឡាញ់តាមបែបផែនថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ និងសង្គម។
លើសពីនេះ ព្រឹត្តិការណ៍រត់អបអរសាទរនេះ ក៏បានរួមចំណែកបង្កើនសាមគ្គីភាព ចំណងមិត្តភាព និងការចែករំលែកក្តីស្រឡាញ់ តាមរយៈសកម្មភាពកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងជំរុញសកម្មភាពសេដ្ឋកិច្ចសង្គម កែលម្អជីវភាព និងបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយរលូន ក្រោមការរៀបចំយ៉ាងមានរបៀបរៀបរយ និងការសហការល្អពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

