លោកជំទាវបណ្ឌិត បាន ស្រីមុំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន។
បន្ទាប់ពីទទួលបានការប្រកាសតែងតាំងថ្មីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រមទាំងបានប្តេជ្ញាចិត្តគោរពអនុវត្តតាមការសម្រេចចិត្ត និងគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តដឹកនាំសមាគមឱ្យរីកចម្រើន និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមលក្ខន្តិកៈរបស់សមាគម។
ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់សមាជិក ដោយផ្តល់ការគាំទ្រដល់សមាជិកដែលជួបការខ្វះខាត ឬកំពុងមានជំងឺ ព្រមទាំងផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពឱ្យទាន់ពេលវេលា ដើម្បីរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជន និងនិវត្តជន គឺជាវីរបុរសដែលបានលះបង់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើប សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីឱ្យមានយន្តការជួយមើលថែថ្នាក់ថ្នម និងបន្តផ្តល់អត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាលជូនពួកគាត់។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ នៃសមាគម តែងតែយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏មហិមា ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់បច្ចុប្បន្ន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងការកោតសរសើរចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ហើយបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយបញ្ហានានារបស់អតីតយុទ្ធជនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តល់សម្ភារៈបរិក្ខាមួយចំនួនជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន សម្រាប់បម្រើការងារ ព្រមទាំងឧបត្ថម្ភថវិកា និងសម្ភារៈជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តផងដែរ៕
ដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *