មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចរបស់មន្ត្រីគយ
ភ្នំពេញ, ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦៖
ប្រភពព័ត៌មានមួយចំនួនបានអះអាងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងចុះសិក្សាស្រាវជ្រាវអំពីភាពមិនប្រក្រតីមួយចំនួន ដែលពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចរបស់មន្ត្រីនៅក្នុងប្រព័ន្ធគយ និងរដ្ឋាករកម្ពុជា ជាពិសេសនៅតាមច្រកព្រំដែន និងខ្សែរផ្លូវសំខាន់ៗទូទាំងប្រទេស។
បើតាមប្រភពពីក្រុមឈ្មួញ និងអ្នករកស៊ីដឹកជញ្ជូនទំនិញ បានបង្ហើបថា ក្រោយពីមានការផ្លាស់ប្តូររចនាសម្ព័ន្ធការងារ និងការអនុវត្តវិធានការថ្មីៗ ការត្រួតពិនិត្យ និងការប្រមូលពន្ធត្រូវបានអនុវត្តយ៉ាងតឹងរឹងជាងមុន ដែលធ្វើឲ្យក្រុមអ្នករកស៊ីតូចធំមួយចំនួនមានការព្រួយបារម្ភ និងរងផលប៉ះពាល់ដល់សកម្មភាពអាជីវកម្ម។
ប្រភពមិនបញ្ចេញឈ្មោះមួយចំនួនបានអះអាងថា មានបុគ្គលមួយចំនួន ដែលមិនមែនជាមន្ត្រីឯកសណ្ឋាន បានចូលរួមក្នុងសកម្មភាពត្រួតពិនិត្យ និងទំនាក់ទំនងជាមួយឈ្មួញនៅតាមច្រកចេញ–ចូល និងទីតាំងសំខាន់ៗ ដោយមានការអះអាងថា ជាវិធានការសម្រាប់ការប្រមូលពន្ធ និងការបង្ការបទល្មើសសេដ្ឋកិច្ច។
ទោះជាយ៉ាងណា ប្រភពពីឈ្មួញមួយចំនួនបានបញ្ជាក់ថា ការអនុវត្តខ្លះៗត្រូវបានមើលឃើញថា មានលក្ខណៈគាបសង្កត់ហួសហេតុ និងបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញ ទាំងទំនិញបង់ពន្ធត្រឹមត្រូវ និងទំនិញស្របច្បាប់ផ្សេងៗ។
ករណីនេះ បច្ចុប្បន្នមិនទាន់មានការបញ្ជាក់ជាផ្លូវការពីអង្គភាពពាក់ព័ន្ធនៅឡើយទេ។ មជ្ឈដ្ឋានសាធារណៈ និងអ្នករកស៊ីមួយចំនួន បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវដោយឯករាជ្យ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីធានាថា ការអនុវត្តច្បាប់ និងការប្រមូលពន្ធ គឺធ្វើឡើងសម្រាប់ផលប្រយោជន៍ជាតិ មិនបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋ និងសហគមន៍អាជីវកម្មឡើយ។
ដោយ៖ ហុក វិបុល
☎️ 071 799 6662

