លោក ជា ខេមា អញ្ជើញបើកកិច្ចប្រជុំជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដើម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ស្តីពីការពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានខណ្ឌដូនពេញ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីលោកអភិបាលរងទទួលបន្ទុក លោកប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងលោកប្រធាន-អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌ និងលោកប្រធាន-អនុប្រធានគោលដៅទាំង៥។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការកោតសរសើរចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំបំពេញភារកិច្ច និងបម្រើការងារកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមចំណែករក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានណែនាំ និងជំរុញឱ្យកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ បន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលរស់នៅ និងធ្វើដំណើរក្នុងមូលដ្ឋានខណ្ឌដូនពេញ។

