ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៧០០នាក់ នៅឃុំហោងសំណំ ខេត្តកំពង់ស្ពឺ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៧០០នាក់ នៅឃុំហោងសំណំ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣៦នាក់ ដឹកនាំដោយលោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណសាលាឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កម្មវិធីមនុស្សធម៌នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។

កម្មវិធីព្យាបាលនេះ មានការចូលរួមពី លោក វេជ្ជបណ្ឌិត ឌឿន វុទ្ធា អនុប្រធាន ប្រតិបត្តិ លោកស្រីវេជ្ជបណ្ឌិត មួង សុជាតិ អនុប្រធាន ប្រតិបត្តិ លោក វេជ្ជបណ្ឌិត អាំ ផេង អនុប្រធាន ប្រតិបត្តិ លោក ហា ន សីហា លោកប្រធានមណ្ឌលសុខភាពជា ស៊ីម ឱរ៉ាល់ លោក លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យក្រុម ការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ៣៦នាក់ ។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា កម្មវិធីនេះមានការអប់រំផ្សព្វផ្សាយពីជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាម ជំងឺមិនឆ្លង ការរស់នៅប្រកបដោយអនាម័យ ការហូបទឹកឆ្អិន អាហារឆ្អិន តិចអំបិល តិចស្ករ តិចខ្លាញ់ ព្រមទាំងពិនិត្យ ព្យាបាលជំងឺទូទៅ រោគស្ត្រី មាត់ធ្មេញ សន្លាក់ និងឆ្លុះអេកូសាស្ត្រ។ សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃនេះ បានផ្តល់ជូនប្រជាពលរដ្ឋសរុបចំនួន ៧៨៤នាក់ ក្នុងនោះស្រី ៤៦៨នាក់។

លោកបណ្ឌិតបានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ កម្មវិធីនេះមានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍។

ទន្ទឹមនឹងនេះ លោកបណ្ឌិត កែរ រដ្ឋា ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ថ្នាក់ដឹកនាំ ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ។ កម្មវិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

 

Leave a Reply

Your email address will not be published. Required fields are marked *