ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យបើកល្បែងខុសច្បាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈមានការលើកឡើងថា ទីតាំងនេះនៅតែបន្តដំណើរការ

ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យបើកល្បែងខុសច្បាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈមានការលើកឡើងថា ទីតាំងនេះនៅតែបន្តដំណើរការ

ដោយ៖ ហុក វិបុល | ទូរស័ព្ទ៖ 097 422 6661

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ប្រជាពលរដ្ឋមួយចំនួនបានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវទីតាំងមួយកន្លែង ស្ថិតនៅ ផ្ទះលេខ 3B ផ្លូវលេខ 84 តំបន់ផ្លូវចំការកៅស៊ូ ចំណុចដើមទឹកដោះ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា អាចមានសកម្មភាពពាក់ព័ន្ធនឹងល្បែងហ្គេម ល្បែងស៊ីសង និងសកម្មភាពផ្លូវភេទខុសច្បាប់។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ទីតាំងខាងលើត្រូវបានសង្ស័យថា អាចមានសកម្មភាពពាក់ព័ន្ធនឹងការលេងហ្គេម ល្បែងឡូតូ និងល្បែងជល់មាន់នៅពេលថ្ងៃ ខណៈមានការលើកឡើងបន្ថែមអំពីសកម្មភាពមិនប្រក្រតីផ្សេងទៀតនៅពេលយប់។ ទោះជាយ៉ាងណា ព័ត៌មានទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចនៅឡើយទេ។

ប្រជាពលរដ្ឋបានអះអាងថា ទីតាំងនេះត្រូវបានសង្ស័យថា នៅតែបន្តដំណើរការអស់រយៈពេលមួយរយៈមកហើយ។ ពួកគេមានការព្រួយបារម្ភថា ប្រសិនបើមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ពិតប្រាកដ វាអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួនក៏បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវបន្ថែមចំពោះការលើកឡើងថា អាចមានការឃុបឃិត ឬទទួលផលប្រយោជន៍ពាក់ព័ន្ធនឹងទីតាំងខាងលើ។ ទោះជាយ៉ាងណា ការលើកឡើងនេះគ្រាន់តែជាការអះអាងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ និងមិនទាន់មានភស្តុតាង ឬការបញ្ជាក់ជាផ្លូវការណាមួយអាចបញ្ជាក់ពីការចោទប្រកាន់នេះបាននៅឡើយទេ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងស្រាវជ្រាវជាក់ស្តែង ដើម្បីបញ្ជាក់ការពិត។ ប្រសិនបើរកឃើញថា មានសកម្មភាពល្មើសច្បាប់ពិតប្រាកដ សូមចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈនៅក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានរង់ចាំការបំភ្លឺ ឬការឆ្លើយតបពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនបន្ថែម ប្រសិនបើមាន។

Leave a Reply

Your email address will not be published. Required fields are marked *