អ្នកសារព័ត៌មាន ១៥៣រូប មកពី ៨២ស្ថាប័ន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា»
ដោយ ហុក វិបុល 0974216661
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មាន ស្តីពី «បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា»។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានអ្នកសារព័ត៌មានចំនួន ១៥៣រូប មកពី ៨២ស្ថាប័ន ចូលរួម។
ការបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងរបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅកម្ពុជា ព្រមទាំងស្វែងយល់អំពីហានិភ័យ បញ្ហាប្រឈម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងអំឡុងវគ្គបណ្តុះបណ្តាល អ្នកចូលរួមបានចូលរួម ការធ្វើតេស្ត និងការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តោតលើចំណេះដឹង និងការយល់ដឹងពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) ការប្រើប្រាស់ឧបករណ៍ AI និងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសារព័ត៌មាន។
ការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិកនេះ បានផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានអនុវត្ត និងវាស់ស្ទង់ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ព្រមទាំងបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
បន្ទាប់ពីបញ្ចប់វគ្គសិក្សា និងការធ្វើតេស្តតាមប្រព័ន្ធអេឡិចត្រូនិក អ្នកចូលរួមបានទទួល សញ្ញាបត្រ/វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងការបណ្តុះបណ្តាល ដែលជាសក្ខីភាពបញ្ជាក់ពីការចូលរួម និងការបំពេញវគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា»។
ជាមួយគ្នានេះ អ្នកចូលរួមក៏ទទួលបានចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការស្រាវជ្រាវ បង្កើត និងផលិតមាតិកាព័ត៌មាន ព្រមទាំងបង្កើនផលិតភាព ប្រសិទ្ធភាព និងគុណភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចាត់ទុកថា ជាឱកាសដ៏មានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានក្នុងការបង្កើនសមត្ថភាពឌីជីថល និងសម្របខ្លួនទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ក្នុងបរិបទឌីជីថល។



