ឯកឧត្តម ម៉េង សុភណ្ឌ និងក្រុមការងារ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៩ ក្នុងឃុំសោប

 

ឯកឧត្តម ម៉េង សុភណ្ឌ និងក្រុមការងារ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៩ ក្នុងឃុំសោប

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅវត្តសន្ធិភូមិការរាម (ព្រែកជីក) ស្ថិតក្នុងភូមិព្រែកជីក ឃុំសោប បានរៀបចំពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៩ ក្នុងឃុំសោប ដើម្បីចូលរួមទ្រទ្រង់ព្រះសង្ឃក្នុងឱកាសរដូវចូលព្រះវស្សា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉េង សុភណ្ឌ ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសោប និងលោក ម៉ៅ វិចិត្រ អនុប្រធានក្រុមការងារថ្នាក់ខេត្ត តំណាងលោក ទ្រី សុភក្កិ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំសោប ដោយមានការចូលរួមពីក្រុមការងារ ថ្នាក់ដឹកនាំមូលដ្ឋាន អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងស្រុកយ៉ាងច្រើនកុះករ។

ទេយ្យទានដែលបានប្រគេនដល់វត្តនីមួយៗ រួមមាន អង្ករ ទៀនព្រះវស្សា ទឹកសុទ្ធ មីជាតិ ស្លាដក់ និងបច្ច័យ។ ចំពោះបច្ច័យដែលបានចូលរួមឧបត្ថម្ភសរុបមានចំនួន ៦,២១៣,៥០០ រៀល ដើម្បីរួមចំណែកជួយទ្រទ្រង់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ។

ក្នុងឱកាសនោះ ក៏បានលើកឡើងពីស្មារតីសាមគ្គីភាពរបស់ជាតិខ្មែរ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមគ្នាជួយគ្នា ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងព្រះពុទ្ធសាសនា ដែលជាមរតកដ៏មានតម្លៃរបស់ជាតិខ្មែរ។

ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសោមនស្សរីករាយ ប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាពពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងស្រុក ដែលបានរួមចំណែកលើកស្ទួយ និងថែរក្សាព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរគង់វង្សតទៅ។

Leave a Reply

Your email address will not be published. Required fields are marked *