ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងនិយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង
ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងភាគីពាក់ព័ន្ធជាច្រើនរូប។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិយ័តកម្ម និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងលើកកម្ពស់វិស័យធានារ៉ាប់រងនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ស្របតាមនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា និយ័តករធានារ៉ាប់រងកម្ពុជា មានតួនាទីស្នូលក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា ដោយធានាឱ្យការផ្តល់សេវាធានារ៉ាប់រងប្រព្រឹត្តទៅប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ វិស័យធានារ៉ាប់រងក៏បានក្លាយជាវិស័យមួយដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ និងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងអាជីវកម្មពីហានិភ័យផ្សេងៗ។
ឯកឧត្តមបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការស្រាវជ្រាវ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើនសមត្ថភាពរបស់និស្សិត ឱ្យមានជំនាញស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យធានារ៉ាប់រង។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានអត្ថប្រយោជន៍សំខាន់ៗរួមមាន៖
អភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសឱ្យនិស្សិតទទួលបានទាំងចំណេះដឹងទ្រឹស្តី និងបទពិសោធន៍អនុវត្តជាក់ស្តែង។
ពង្រឹងគុណភាពអប់រំ តាមរយៈការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ។
លើកកម្ពស់ការយល់ដឹងអំពីវិស័យធានារ៉ាប់រង និងវប្បធម៌នៃការគ្រប់គ្រងហានិភ័យដល់និស្សិត និងសាធារណជន។
បង្កើតឱកាសកម្មសិក្សា ការបណ្តុះបណ្តាល និងការងារសម្រាប់និស្សិតក្រោយបញ្ចប់ការសិក្សា។
គាំទ្រការអភិវឌ្ឍវិស័យធានារ៉ាប់រង ដោយបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី ដែលមានសមត្ថភាព ជំនាញ និងភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យហិរញ្ញវត្ថុនាពេលអនាគត។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងវិស័យធានារ៉ាប់រង ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

