សង្វៀនបញ្ជាល់មាន់បង្កប់ក្នុងកាស៊ីណូ 67 ត្រូវបានរាយការណ៍ថា បើកដំណើរការឡើងវិញ ខុសនឹងបទបញ្ជារដ្ឋាភិបា

សង្វៀនបញ្ជាល់មាន់បង្កប់ក្នុងកាស៊ីណូ 67 ត្រូវបានរាយការណ៍ថា បើកដំណើរការឡើងវិញ ខុសនឹងបទបញ្ជារដ្ឋាភិបាល


ចេញផ្សាយ៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
ស្វាយរៀង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានរាយការណ៍ថា សង្វៀនបញ្ជាល់មាន់ និងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ត្រូវបានបើកដំណើរការឡើងវិញ ដោយបង្កប់នៅក្នុង កាស៊ីណូ 67 បន្ទាប់ពីធ្លាប់បិទបណ្ដោះអាសន្នមួយរយៈកន្លងមក។
ប្រជាពលរដ្ឋបានឲ្យដឹងថា កាស៊ីណូ 67 ត្រូវបានអនុញ្ញាតឲ្យមានការចូលលេងល្បែងស៊ីសង ដោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលតាមច្រកតំបន់ព្រំដែនសំរោង ទាំងអ្នកមានឯកសារឆ្លងដែន និងអ្នកគ្មានឯកសារ ដោយមានការចាក់ភ្នាល់លុយក្នុងទំហំធំ ជាច្រើនសិបលានដុង ក្នុងមួយគូៗ។
មជ្ឈដ្ឋានក្នុងតំបន់បានសម្តែងការព្រួយបារម្ភ និងរិះគន់ថា ការបើកល្បែងបញ្ជាល់មាន់ខ្នាតធំ និងល្បែងស៊ីសងផ្សេងៗនេះ អាចមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទើបធ្វើឲ្យសមត្ថកិច្ចមូលដ្ឋាន រួមទាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា មិនទាន់មានវិធានការច្បាស់លាស់ក្នុងការបង្ក្រាប។
ជាមួយគ្នានេះ មតិប្រជាពលរដ្ឋ និងមជ្ឈដ្ឋានខាងក្រៅ ក៏បានចោទសួរទៅលើតួនាទី និងការទទួលខុសត្រូវរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតំបន់ព្រំដែនសំរោង ដែលត្រូវបានសង្ស័យថា បានបណ្តោយ ឬមិនអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ទើបធ្វើឲ្យម្ចាស់កាស៊ីណូហ៊ានបើកល្បែងស៊ីសងខុសច្បាប់យ៉ាងគំហុក។
គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានណែនាំយ៉ាងច្បាស់ឲ្យបិទ និងទប់ស្កាត់ល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ប៉ុន្តែករណីនេះ ត្រូវបានមើលឃើញថា នៅមិនទាន់អនុវត្តស្របតាមគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច» របស់ក្រសួងមហាផ្ទៃនៅឡើយ។
ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបជាបន្ទាន់ ចំពោះល្បែងស៊ីសងខុសច្បាប់នៅកាស៊ីណូ 67 ដើម្បីបង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។0974216661

Leave a Reply

Your email address will not be published. Required fields are marked *