ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ថាំង ប៊ុនសុង ចំពោះមរណភាពឧបាសក លី ពាង
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក លី ពាង ដែលត្រូវជាឪពុកបង្កើតរបស់លោក។
យោងតាមសារលិខិតចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ឧបាសក លី ពាង បានទទួលមរណភាពនៅព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតដដែល ឯកឧត្តម នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានសម្ដែងនូវសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ដ៏ធំធេងនៃឪពុកបង្កើត ឪពុកក្មេក ជីតា និងសាច់ញាតិជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកន្លងមក ឧបាសក លី ពាង ជាបុគ្គលម្នាក់ដែលមានព្រហ្មវិហារធម៌ និងសង្គហធម៌ បានខិតខំចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលកូនចៅឱ្យមានចំណេះដឹង និងក្លាយជាពលរដ្ឋល្អសម្រាប់សង្គម។
ក្នុងឱកាសដ៏ពោរពេញដោយក្តីវិយោគនេះ ឯកឧត្តម នេត្រ ភក្ត្រា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជាមួយលោក ថាំង ប៊ុនសុង និងក្រុមគ្រួសារទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធឧបាសក លី ពាង សូមបានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

