បាក់រណ្តៅរ៉ែខុសច្បាប់ សង្កត់ស្លាប់យុវជនម្នាក់ និងរបួស ៣ នាក់ បង្ហាញចន្លោះខ្វះខាតក្នុងការអនុវត្តច្បាប់ និងទំនួលខុសត្រូវស្ថាប័នពាក់ព័ន្ធ
មណ្ឌលគិរី៖ យុវជនម្នាក់បានបាត់បង់ជីវិត និងមនុស្ស ៣ នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ថ្មរណ្តៅរ៉ែសំណ ខុសច្បាប់ ខណៈកំពុងលួចជីកកកាយនៅពេលយប់អាធ្រាត្រ នៅចំណុចដៃអូពងប៉ះ ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រហែល ៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ ជនរងគ្រោះស្លាប់ឈ្មោះ ផេន ហុង អាយុ ១៨ ឆ្នាំ ជាជនជាតិព្នង និងជាសិស្សសាលា ខណៈអ្នករងរបួស ៣ នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពមេម៉ង់។
តាមសមត្ថកិច្ច ក្រុមយុវជនចំនួន ៦ នាក់ បានចុះទៅជីកក្នុងរណ្តៅរ៉ែចាស់ជម្រៅប្រហែល ៣ ម៉ែត្រ ដោយ គ្មានអាជ្ញាប័ណ្ណ និងគ្មានវិធានការសុវត្ថិភាព បណ្ដាលឲ្យថ្មពីមាត់រណ្តៅបាក់ធ្លាក់ចុះ សង្កត់លើជនរងគ្រោះ។
តាមផ្លូវច្បាប់ សកម្មភាពជីករ៉ែដោយគ្មានការអនុញ្ញាត គឺផ្ទុយនឹង ច្បាប់គ្រប់គ្រងធនធានរ៉ែ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលស្ថាប័នមានសមត្ថកិច្ចត្រូវទទួលខុសត្រូវរួមមាន អាជ្ញាធរមូលដ្ឋាន (ឃុំ–ស្រុក–ខេត្ត), មន្ទីររ៉ែ និងថាមពល, នគរបាល និងតុលាការ ក្នុងការត្រួតពិនិត្យ បិទទីតាំងខុសច្បាប់ បង្ក្រាប និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកល្មើស។
យ៉ាងណាមិញ ករណីនេះបានបង្កើតជា សំណួរធំចំពោះការអនុវត្តច្បាប់ និងការសម្របសម្រួលរវាងស្ថាប័ន ថា តើការត្រួតពិនិត្យ និងការបិទរណ្តៅរ៉ែខុសច្បាប់ ត្រូវបានអនុវត្តជាប្រចាំ និងមានប្រសិទ្ធភាពដែរឬទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យ និងប្រគល់សពជូនក្រុមគ្រួសារ។ អ្នកសង្កេតការណ៍ សំណូមពរឱ្យ អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ បើកការស៊ើបអង្កេតតាមផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់ កំណត់ទំនួលខុសត្រូវស្ថាប័ន និងចាត់វិធានការតឹងរឹង ដើម្បីទប់ស្កាត់រ៉ែខុសច្បាប់ និងបង្ការកុំឲ្យគ្រោះថ្នាក់បែបនេះកើតឡើងម្តងទៀត។
ករណីនេះ ជាសារព្រមានដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឲ្យបញ្ឈប់សកម្មភាពខុសច្បាប់ ដែលគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពសង្គម។
យោងសារព័ត៌មាន រស្មីញ៉ូស៍
