ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយ
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់លោក អ៊ូច សៅវឿន អភិបាលថ្មី នៃគណៈអភិបាលស្រុកពញាឮ ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ការណែនាំនេះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកពញាឮថ្មី នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួនដល់អភិបាលស្រុកថ្មី រួមមាន៖
ទី១៖ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លី និងការបិទផ្លង់ដីជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសការរៀបចំប្រព័ន្ធច្រកចេញចូល និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អនៅមូលដ្ឋាន។
ទី២៖ ត្រូវលើកទឹកចិត្ត និងផ្សព្វផ្សាយដល់យុវជនដែលមានសមត្ថភាព និងមានសញ្ញាបត្រត្រឹមត្រូវ ឱ្យចូលរួមដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្កើនធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ទី៣៖ ត្រូវត្រៀមផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនានា ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះ និងហានិភ័យផ្សេងៗ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា លោក អ៊ូច សៅវឿន ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកពញាឮ ជំនួសលោក ថន សុវណ្ណា ដែលត្រូវបានផ្លាស់ប្តូរទៅកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកលើកដែក។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ឱ្យយកបទពិសោធន៍ល្អៗពីមូលដ្ឋានចាស់មកអនុវត្តនៅមូលដ្ឋានថ្មី និងបំពេញតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ស្របតាមច្បាប់ អនុក្រឹត្យ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងនេះ ត្រូវបន្តសិក្សា ស្រាវជ្រាវ និងតាមដានសភាពការណ៍នៅក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អភិបាលស្រុកថ្មី ឱ្យយកចិត្តទុកដាក់ខ្ពស់លើការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) ព្រមទាំងបន្តកែលម្អការផ្តល់សេវាសាធារណៈឱ្យមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។
លើសពីនេះ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យរដ្ឋបាលស្រុកបន្តផ្សព្វផ្សាយពីកម្មវិធី App NoDrug ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ដើម្បីចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគ្រឿងញៀនទៅកាន់សមត្ថកិច្ចដោយរក្សាការសម្ងាត់ និងរួមគ្នាបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ការផ្ទេរ និងទទួលមុខតំណែង គឺជាការបន្តវេននៃការទទួលខុសត្រូវ និងបេសកកម្មដឹកនាំ ដើម្បីធានាភាពរឹងមាំ និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបញ្ជាក់ថា តួនាទីជាអភិបាលស្រុក មិនមែនគ្រាន់តែជាតំណែងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវដ៏ធំធេងក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងមានប្រសិទ្ធភាព សំដៅរួមចំណែកអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

