ស្ត្រីវ័យ៦៩ឆ្នាំម្នាក់ស្លាប់ ក្រោយរងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្អាង
ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១:៣០នាទីរសៀល ស្ត្រីវ័យ៦៩ឆ្នាំម្នាក់ ឈ្មោះ ឆាំង អុី មានទីលំនៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងបានទទួលមរណភាពនៅពេលក្រោយ។
តាមព័ត៌មានបឋមបានឱ្យដឹងថា ម៉ូតូម៉ាក Honda Dream (សង់) បើកបរដោយយុវជនឈ្មោះ ទួល រត្តន: អាយុ១៨ឆ្នាំ មានទីលំនៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានធ្វើដំណើរពីទិសខាងជើងទៅខាងត្បូង។
នៅពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានរេចង្កូតទៅបុកស្ត្រីឈ្មោះ ឆាំង អុី ដែលកំពុងឈរនៅមុខផ្ទះ និងបម្រុងដើរឆ្លងផ្លូវពីទិសខាងលិចទៅខាងកើត។ ក្រោយការប៉ះទង្គិច ស្ត្រីរងគ្រោះបានខ្ទាតប្រមាណ ១០ម៉ែត្រ និងរងរបួសបែកក្បាលធ្ងន់ធ្ងរ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកឃុំតាលន់។ ដោយសារស្ថានភាពរបួសធ្ងន់ គ្រូពេទ្យបានបញ្ជូនបន្តទៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់។
ទោះជាយ៉ាងណា ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបានប្រមាណមួយម៉ោង ស្ត្រីរងគ្រោះបានទទួលមរណភាព ដោយសាររបួសធ្ងន់ធ្ងរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងកំពុងបន្តចាត់ការតាមនីតិវិធី ដើម្បីស្រាវជ្រាវ និងបញ្ជាក់ពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់។


